loading...

Friday, July 29, 2016

ផ្ទះល្បី​ខ្មោច​លង​ម្ដុំខាងកើត​ស្ទឹង​សៀមរាប​​ ដែលសមាជិកគ្រួសារ​ស្លាប់​ជា​បន្តបន្ទាប់់គ្នាមិនដឹងមូលហេតុ

សៀមរាប : ស្ថិត​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប​ក្បែរ​វត្ត​ក្នុង​ភូមិ​ដូនប៉ា ក្នុង​សង្កាត់​ស្លក្រាម ផ្ទះឈើ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើមចេក និង​ដើមឈើ​ដទៃ​ទៀត​នោះ​បាន​បង្កប់​នូវ​អតីតកាល​ដ៏​ជូរចត់។ ផ្ទះ​ម៉ូដ​បុរាណ​សង់​ក្នុង​ឆ្នាំ​២០០៣ មួយ​នេះ​ធ្លាប់​ជា​កន្លែង​រស់នៅ​របស់​គ្រួសារ​ខ្មែរ​មួយ​ដែល​ជួបជុំ​គ្នា​មិន​បាន​ប៉ុន្មាន​ខែ ស្រាប់​តែ​មាន​សមាជិក​ស្លាប់​ជា​បន្តបន្ទាប់់។ នៅ​ឆ្នាំ​២០០៤ គ្រួសារ​នេះ​ក៏​រើ​ចេញ ដោយ​ទុក​ផ្ទះ​ទំនេរ​ចោល។
ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ហ៊ុច ដែល​រស់​នៅ​ក្បែរ​នោះ បាន​អះអាង​ថា ខ្លួន​តែង​ឮ​សូរ​សំឡេង​ចម្លែក​ចេញ​ពី​ផ្ទះ​ឈើ​នោះ។
ដៀង​ភ្នែក​មើល​ផ្ទះ​នោះ​បណ្ដើរ ហ៊ុច និយាយ​បណ្ដើរ​ថា​៖​«គួរ​ឲ្យ​ខ្លាច​ណាស់​ឮ​សូរ​សំឡេង​អ៊ីចឹង​ពាក់​កណ្ដាល​យប់»។
ក្មេង​ប្រុស​នេះ​រៀបរាប់​ទៀត​ថា​៖​«យប់​មួយ​ពេល​ខ្ញុំ និង​ប៉ា​ខ្ញុំ​ទើប​មកពី​ញ៉ាំការ ស្រាប់​តែ​ខ្ញុំ​ឮសូរ​សំឡេង​មនុស្ស​ជជែក​គ្នា​ហើយ​សើច​ឮ​ៗ​ចេញ​ពី​ផ្ទះ​ឈើ​នោះ។ ខ្ញុំ​ស្មាន​តែ​ក្មេង​ៗ​ប្រឡែង​គ្នា​លេង​នៅ​ក្នុង​ផ្ទះ តែ​ពេល​ខ្ញុំ​ក្រឡេក​មើល​វា​ស្ងាត់​ជ្រាប​គ្មាន​ឃើញ​ស្រមោល​អ្នក​ណា​ម្នាក់​»។
ហ៊ុច អះអាង​ថា​៖​«មិនមែន​មាន​តែ ខ្ញុំ​ទេ​ដែល​ឮ​សំឡេង​នោះ គ្រួសារ​ខ្ញុំ​ក៏​បាន​ឮ​ដែរ។ ជួន​កាល​ពួកគេ (ខ្មោច)​បោស​ផ្ទះ និង​និយាយ​គ្នា​លេង​ដូច​យើង​អ៊ីចឹង»។
នៅ​រដូវ​បុណ្យទាន​ដូចជា​ចូលឆ្នាំ​ខ្មែរ ឬ​ភ្ជុំបិណ្ឌ ហ៊ុច និយាយ​ថា ខ្លួន​បាន​ឮ​សូរ​សំឡេង​វេច​នំអន្សម និង​ស្នូរ​គោះជើង។
ទាំង​ព្រឺ​សម្បុរ ហ៊ុច និយាយ​ទៀត​ថា​៖​«ខ្ញុំ​ខ្លាច​សឹង​ស្លាប់​ហើយ ពេល​ឮ​សំឡេង​នោះ ហើយ​យប់​ឆ្កែ​លូ​ខ្លាំង​ណាស់​។ ខ្ញុំ​ខ្លាច​មិន​ហ៊ាន​ដេក​ម្នាក់​ឯង​ទេ»។
ក្រៅ​ពី​ក្មេង​ប្រុស​ខាង​លើ​នៅ​មាន​អ្នក​ភូមិ​ដទៃ​ទៀត​ដែល​ជឿ​ថា ផ្ទះ​ឈើ​នោះ​មាន​ខ្មោច​លង គ្រាន់​តែ​ពួកគេ​មិន​ហ៊ាន​សួរ​នាំ​គ្នា​ច្រើន​ពី​រឿង​នេះ។ ពេល​សួរ​នាំ​ពី​រឿងរ៉ាវ​ផ្ទះ​ឈើ​ដដែល ម្ដាយ​របស់​ក្មេង​ប្រុស​ឈ្មោះ​ហ៊ុច បាន​សម្លឹង​បែប​ភ្លឹក ហើយ​ណែនាំ​ថា មនុស្ស​យក​ល្អ មិន​គួរ​រវល់​នឹង​រឿង​អ្នក​នៅ​ឋាន​ដទៃ​ទេ។
ស្ត្រី​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​នេះ បាន​និយាយ​ថា​៖​«បើ​យើង​មិន​ធ្វើ​អ្វី​គេ គេ​ក៏​មិន​ធ្វើ​បាប​យើង​ដែរ»។
កាល​ពី​៧​ឆ្នាំ​មុន ពេល​ដែល​គ្រួសារ​ម្ចាស់​ផ្ទះ​ផ្ដើម​រស់​នៅ​ទី​នេះ កូន​ប្រសាប្រុស ពូ និង​កូន​ប្រុស​បាន​ស្លាប់​បន្ត​គ្នា។ គ្រួសារ​នោះ​ក៏​រើ​ចេញ ហើយ​លក់​ផ្ទះ​ឲ្យ​ស្ត្រី​អ្នក​មាន​ម្នាក់​នៅ​ភ្នំពេញ។
អ្នកស្រី​បាន​សន្និដ្ឋាន​ថា​៖​«ព្រលឹង​ខ្មោច​នៅ​ផ្ទះ​នោះ​យក​តែ​ជីវិត​ប្រុស​ៗ​ទេ។ ខ្ញុំ​គិតថា​ជា​ខ្មោចស្រី តែ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ផ្ទាល់​ភ្នែក​ទេ។ ខ្ញុំ​គ្រាន់​តែ​ឮ​សូរសំឡេង​ស្រី​បំពេរ​កូន​ចេញ​ពី​ផ្ទះ​នោះ​»។
អ្នកស្រី​ថា​៖ «មិន​ដឹង​ហេតុ​អ្វី​ទេ ម្ចាស់​ផ្ទះ​ថ្មី​កម្រ​មក​មើល​ផ្ទះ​នេះ​ណាស់។​គាត់​ក៏​មិន​ដែល​ជួសជុល​កែកុន​អ្វី​ដែរ ទំនង​ជា​ចង់​ទុក​វា​ឲ្យ​នៅ​ដូច​ដើម។ កាល​ពី​ឆ្នាំ​មុន មាន​ព្រះសង្ឃ​មក​សូត្រធម៌​ឧទ្ទិស​ឲ្យ​ខ្មោច​ទាំង​នោះ​ទៅ​ចាប់​កំណើត​ថ្មី។ ក្រោយ​មក​សំឡេង​ស្រី​បំពេរ​កូន​ក៏​បាត់​ទៅ»។
អ្នកស្រី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ម្ចាស់​ផ្ទះ​ចង់​លក់​វា​ហើយ ព្រោះ​គ្មាន​ពេល​ចុះ​មក​មើល​ថែទាំ។ ផ្ទះ​នេះ​ស្ថិត​លើ​ដី​ទំហំ​២០​គុណ​នឹង​១៥០​ម៉ែត្រ ដែល​សរុប​មាន​ផ្ទៃ​ក្រឡា ៣​ពាន់​ម៉ែត្រការ៉េ។ ខណៈ​ដែល​តម្លៃ​ដី​អាច​ឡើង​ដល់​ប្រមាណ​៤៥០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​នោះ មាន​ន័យ​ថា ដី​របស់​ផ្ទះ​នេះ​អាច​មាន​តម្លៃ​សរុប​១,៣៥​លាន​ដុល្លារ​ឯណោះ៕

ផ្ទះល្បី​ខ្មោច​លង​ម្ដុំខាងកើត​ស្ទឹង​សៀមរាប​​ ដែលសមាជិកគ្រួសារ​ស្លាប់​ជា​បន្តបន្ទាប់់គ្នាមិនដឹងមូលហេតុ
4/ 5
Oleh
loading...