loading...

Sunday, June 5, 2016

គ្រូពេទ្យ​​អមនុស្សធម៌​ ​​ពីរ​នាក់ប្តី-ប្រព​ន្ធ​​ទៅ​ព្រួតគ្នា​​វាយស្ត្រី​​​ម្នាក់ស្លាប់​​​ដោយសារ​​ជំពាក់​ប្រាក់​​៤ម៉ឺនរៀល​ ថ្លៃព្យាបាល


រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​ស្លាប់​ពេល​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ក្រោយ​ពេល​ទទួល​​ការ​ព្រួត​វាយ​ពី​សំណាក់​នាយ​ទាហាន​ម្នាក់ និង​ស្ត្រី​ជា​ប្រពន្ធ​ក្នុង​ជម្លោះ​ជំពាក់​ប្រាក់​៤​ម៉ឺន​រៀល។ ស្ត្រី​រង​គ្រោះ​ជា​អ្នក​លក់​កាហ្វេ​ និង​មីខ​គោ​នៅ​ផ្សារ​សំណង់​១២​ត្រូវ​​គេ​វាយ​រហូត​ដល់​ស្លាប់​នា​វេលា​ម៉ោង​៩​ព្រឹក។ ក្រោយ​ពេល​ទទួល​រង​​ការ​វាយ​តប់​ភ្លាម​ៗ​ត្រូវ​បាន​សន្តិ​សុខ​ផ្សារ​សំណង់​១២​ឌុប​ដោយ​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ ពេល​មក​ដល់​មន្ទីរ​ពេទ្យ​ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​អកុសល​គ្រូ​ពេទ្យ​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ។
ប្រភព​ព័ត៌​មាន​ពី​ឈ្មោះ​ឆយ សិលា សន្តិ​សុខ​ផ្សារ​សំណង់​១២ ជា​អ្នក​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​គេ​ហៅ​គាត់​ថា យាយ​ឡង់ តែ​គាត់​មាន​អាយុ​ត្រឹម​តែ​៣៥​ឆ្នាំ ជា​អ្នក​លក់​កាហ្វេ និង​មីខ​គោ​នៅ​ក្នុង​ផ្សារ​សំណង់​១២។ គាត់​ត្រូវ​ប្តី​​និង​ប្រពន្ធ​ជា​អ្នក​លក់​ថ្នាំ​ពេទ្យ​ព្រួត​វាយ​នៅ​ពេល​ដែល​មក​ទារ​លុយ​ជំពាក់​ចំនួន​៤​ម៉ឺន​រៀល​​ប៉ុណ្ណោះ​ថ្លៃ​ព្យាបាល​ជំងឺ​។ ប្រភព​ព័ត៌​មាន​ដដែល​​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ព្រួត​គ្នា​វាយ​គាត់​រួច ស្ត្រី​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់​៣ ដោយ​ទារ​ថ្លៃ​ខូច​ខាត និង​ជំងឺ​ចិត្ត​ចំនួន​១​ពាន់​ដុល្លារ​អាមេរិក ហើយ​ប៉ូលិស​បាន​ចុះ​មក​ធ្វើ​កំណត់​ហេតុ​រួច​ប្រាប់​ថា ឱ្យ​ទៅ​ប្រាប់​ប្រធាន​សន្តិ​សុខ​ផ្សារ​ជួយ​ដោះ​ស្រាយ​សំរប​សំរួល​វិញ។
សន្តិ​សុខ​ផ្សារ​ឈ្មោះ​ជា វុន អាយុ​៣៥​ឆ្នាំ ឱ្យ​ដឹង​ថា ប្រធាន​សន្តិ​សុខ​ផ្សារ​លោក​ជា វិចិត្រ បាន​​ឱ្យ​គាត់​ទៅ​ហៅ​ភាគី​ខាង​គ្រូ​ពេទ្យ​មក​ដោះ​ស្រាយ​សំរប​សំរួល​គ្នា ប៉ុន្តែ​ខាង​គ្រូ​ពេទ្យ​​ដែល​ជា​អ្នក​វ៉ៃ​និយាយ​ថា មិន​មក​ដោះ​ស្រាយ​ទេ ចង់​ឡើង​ទៅ​ដល់​ណា​ក៏​ទៅ​ចុះ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ប្តឹង​រួច ក៏​ស្រាប់​តែ​បាន​ដួល​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ទើប​សន្តិ​សុខ​ឈ្មោះ​រិទ្ធិ និង​ឈ្មោះ​ឆយ សិលា ដឹក​​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ។
ចំណែក​​ប្រភព​ព័ត៌​មាន​ពី​អាជីវ​ករ​ម្នាក់​ឈ្មោះ​ពៅ ជាអ្នក​លក់​បង្អែម​នៅ​ជិត​កន្លែង​ស្ត្រី​រង​គ្រោះ​លក់​កាហ្វេ​ និង​មីខ​គោ​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​កូន​២​នាក់ កូន​ស្រី​អាយុ​៩​ឆ្នាំ កូន​ប្រុស​អាយុ​៧​ឆ្នាំ ប្តី​ជា​អ្នក​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​១៣៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការ​មន។ នៅ​វេលា​ម៉ោង​ប្រមាណ​​៧​ព្រឹក ២​នាក់​ប្តី​ប្រពន្ធ​ជា​អ្នក​លក់​ថ្នាំ​ពេទ្យ​បាន​មក​ទារ​លុយ​ជំពាក់​ថ្លៃ​ព្យាបាល​​ជំងឺ​ប្តី​៤​ម៉ឺន​រៀល ហើយ​យាយ​ឡង់​បាន​ប្រាប់​ថា ចាំគាត់​លក់​អស់​សិន​ ចាំ​គាត់​សួរ​ប្តី​គាត់ ហើយ​យក​លុយ​ទៅ​សង រួច​គាត់​ក៏​កាន់​ចាន​ស្រុស​មីខ​គោ​ធម្មតា ស្រាប់​តែ​ប្រពន្ធ​គ្រូ​ពេទ្យ​បាន​ស្ទុះ​ទៅ​ទាញ​ចាន​គាត់​បណ្តាល​ឱ្យ​ធ្លាក់​បែក ហើយ​ទះ​កំផ្លៀង​គាត់​២​ដៃ​ទៀត។ ចំណែក​ប្តី​ក៏​យក​កូន​កំសៀវ​ដាក់​កាហ្វេ​​​គប់​ទៅ​លើ​ក្បាល​គាត់ ហើយ​យក​គំរប​ធុង​ទឹក​កក​បួន​ជ្រុង​ចំណុះ​៤៥​លីត្រ​វាយ​គាត់​ចំពី​ក្រោយ (កញ្ចឹង.ក) ទៀត​ផង ​និង​ទាត់​ឆ្នាំង​ខគោ​កំពប់​អស់​។ ស្ត្រី​ម្ចាស់​បំណុល​ពេល​ឃើញ​ប្តី​ខឹង​ច្រលោត​ខ្លាំង​ក៏​ទាញ​ដៃ​ប្តី​ត្រឡប់​ទៅ​ផ្ទះ​វិញ។ អាជីវ​​ករ​លក់​ដូរ​ក្នុង​ផ្សារ​សំណង់​១២​ទាំង​អស់​គ្នា​និយាយ​ដោយ​ការ​អាណិត​យាយ​ឡង់​គ្រប់​គ្នា ថា​យាយ​ឡង់​ជា​មនុស្ស​ស្លូត និង​ជា​មនុស្ស​ថ្លង់​ ទាល់​តែ​និយាយ​ខ្លាំង​ៗ​ទើប​ឮ។ គាត់​មក​លក់​នៅ​ផ្សារ​នេះ​បាន​ប្រមាណ​៦​ខែ​ហើយ ម្យ៉ាង​ទៀត​គ្រួសារ​គាត់​ក្រីក្រ​ណាស់ មាន​កូន​២​នាក់​សុទ្ធ​តែ​មិន​សូវ​គ្រប់​លក្ខណៈ។ រីឯ​ប្តី​ឈឺ​ទៅ​នៅ​ឯស្រុក​​កំណើត​ខេត្ត​តាកែវ។
បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ថា យាយ​ឡង់​ស្លាប់​ហើយ ខាង​ប៉ូលិស​ប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី​៣ បាន​​នាំ​ខ្លួន​ប្តី​ប្រពន្ធ​អ្នក​លក់​ថ្នាំ​ពេទ្យ​ទៅ​ធ្វើ​កំណត់​ហេតុ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​មាន​ការ​រឹង​រូស​មិន​ព្រម​ទៅ​ទេ ទាល់​តែ​ប្តី​ដែល​ជា​គ្រូ​ពេទ្យ​ចូល​ទៅ​ស្លៀក​​សំលៀក​បំពាក់​​ជា​នាយ​ទាហាន​ទើប​ព្រម​ឡើង​រថយន្ត​ឡិច​ស៊ីស​៣០០ ទៅ​ប៉ុស្តី​ប៉ូលិស។ បុរស​ជា​ប្តី​ឈ្មោះ​ប៉ាក សម្បត្តិ អាយុ​២៩​ឆ្នាំ ជា​វេជ្ជ​បណ្ឌិត និង​ជា​អនុ​សេនីយ៍​ឯក និង​ប្រពន្ធ​ឈ្មោះ​ព្រំ សុម៉ាលី អាយុ​២៦​ឆ្នាំ មាន​ផ្ទះ​លេខ AA1 ផ្លូវ​លេខ​២៦៥ ភូមិ​សំណង់​១២ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក។ ​ផ្ទះ​មាន​ស្លាក​យីហោ​វេជ្ជ​​បណ្ឌិត ប៉ាក សម្បត្តិ ព្យាបាល​ជំងឺ​ទូទៅ កុមារ មនុស្ស​ចាស់ នៅ​ទល់​មុខ​ផ្សារ​សំណង់​១២។ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី​៣​បាន​ធ្វើ​កំណត់​ហេតុ​សាក​សួរ​ទៅ​ឈ្មោះ​ប៉ាក សម្បត្តិ បាន​និយាយថា ខ្លួន​គ្រាន់​តែ​​ច្រាន​យាយ​ឡង់​ ព្រោះ​យាយ​ឡង់​ជះ​ទឹក​ក្តៅ​ដាក់​ប្រពន្ធ​របស់​ខ្លួន ហើយ​មិន​បាន​វាយ​ដំ​យាយ​ឡង់​រហូត​ដល់​ស្លាប់​ទេ។ នេះ​គ្រាន់​តែ​ជា​ការ​បំពង​រឿង​ព្រួត​ធ្វើ​បាប​គាត់​តែ​ប៉ុណ្ណោះ។
ប៉ូលិស​ប៉ុស្តិ៍​​បាន​រាយ​ការណ៍​ទៅ​អធិ​ការ​ដ្ឋាន​ថា ជន​ប្រព្រឹត្តិ​ល្មើស​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​ទាហាន​ តើ​ត្រូវ​ធ្វើ​ម៉េច។ បន្ទាប់​មក​អធិ​ការ​ដ្ឋាន​បាន​ប្រគល់​រឿង​ក្តី​នេះ​ទៅ​ឱ្យ​ប៉េអឹម​ខណ្ឌ​ទួល​គោក​ចាត់​ការ​បន្ត ហើយ​ប៉េអឹម​បាន​បញ្ជា​ឱ្យ​ពាក់​អាវ​ស៊ីវិល​ និង​ធ្វើ​សំណុំ​បែប​បទ​តាម​នីតិ​វិធី។ ចំណែក​សព​យាយ​ឡង់​ក្រោយ​ពេល​ធ្វើ​កោសល្យ​វិច័យ​បាន​ដំណឹង​ថា ជន​រង​គ្រោះ​មាន​ស្នាម​ផុត​លលាដ៍​​ផ្នែក​ខាង​ក្រោយ​បាន​ជា​ស្លាប់។ ពិត​ជា​គួរ​ឱ្យ​​ហួស​ចិត្ត​ណាស់​ត្រឹម​ប្រាក់​៤​ម៉ឺន​រៀល​​សោះ​នាំ​ប្តី​ប្រពន្ធ​មក​ធ្វើ​បាប​ស្ត្រី​អ្នក​លក់​ដូរ​បន្តិច​បន្តួច​ក្នុង​ផ្សារ​រហូត​ឈាន​ដល់​វាយ​ធ្វើ​បាប​យ៉ាង​ចាស់​ដៃ​ ធ្វើ​មើល​តែ​ខ្លួន​ខ្វះ​អង្ករ​ច្រក​ឆ្នាំង៕



គ្រូពេទ្យ​​អមនុស្សធម៌​ ​​ពីរ​នាក់ប្តី-ប្រព​ន្ធ​​ទៅ​ព្រួតគ្នា​​វាយស្ត្រី​​​ម្នាក់ស្លាប់​​​ដោយសារ​​ជំពាក់​ប្រាក់​​៤ម៉ឺនរៀល​ ថ្លៃព្យាបាល
4/ 5
Oleh
loading...